របៀបធ្វើ ទំពាំងស្ងោរមាន់
គ្រឿងផ្សំ
- មាន់១
- ទំពាំងស្រុក១
- ទឹកត្រី១វែក
- អំបិលចុងស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាកាហ្វេ
- គល់ស្លឹកគ្រៃ ១ដើម
- ខ្ទឹមស៥-៦កំពឹស
- ម្ទេស៣-៤គ្រាប់
- ប្រេងឆា ២ស្លាបព្រា
របៀបធ្វើ
១- លាងមាន់អោយស្អាត កាប់ជាដុំៗ។
២- ហាន់ទំពាំងស្តើងៗ ស្រុះទឹកពុះ មួយសា ចោលសិន អោយបាត់ហាង។
៣- យកខ្ទឹម ម្ទេស គល់ស្លឹកគ្រៃ(កាត់កង់ៗខ្លី) លីងជាមួយខ្លាញ់ក្តៅ អោយឈ្ងុយ
៤- ចាក់ទឹកត្រី ស្ករ និង អំបិល ចូល កូរអោយសព្វ រួចចាក់ទឹកចូល ដាំអោយពុះ។
៥- ចាក់សាច់មាន់ចូល ដាំអោយពុះ។ សូមកុំគ្របគម្របឆ្នាំង ព្រោះនាំអោយល្អក់ទឹក។
៦- សូមកុំដាក់ភ្លើងខ្លាំងពេក ក្រែងពុះផុរពពុះចេញក្រៅឆ្នាំង ហើយកុំដួសយកកករពពុះចោល ពេលកំពុងរំងាស់ ព្រោះរសជាតិខ្ទឹមម្ទេស នៅអណ្តែតជាមួយពពុះទាំងនោះ។ ពេលរំងាស់យូរទៅ ពពុះនឹងបាត់រូបឯងហើយ។
៧- ពេលមាន់ពុះហើយ សូមដាក់ទំពាំងចូល រំងាស់ជាមួយគ្នា ទាល់តែសាច់មាន់ផុយទន់ស្បែក។
៨- ភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។
៩- ពេលបរិភោគ អាចបង់ស្លឹកខ្ទឹមថែម តាមរបៀបចិន។
១០- បើចង់បរិភោគតាមរបៀបខ្មែរ យើងត្រូវធ្វើទឹកប្រហុកមានជីរម្ទេសម្ជូរក្រូចឆ្មារ សម្រាប់ជ្រលក់សាច់ បន្តែមទៀត។
No comments:
Post a Comment